រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្ម កុំឱ្យជ្រុលហួសហេតុ និងថ្លឹងថ្លែងអំពីការធានានិរន្តរភាព នៃដំណើរការលូតលាស់សេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋ និងធានាចំណូលសម្រាប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលកំពុងប្រឈមទៅនឹងស្ថានភាពបិទទ្វារជាបណ្តើរៗ ដោយសារការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ទំនើប និងវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងពិធីចុះហត្ថលេខាលើ “ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និង ការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង, ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យកើតចេញជាបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជំរុញដល់ការសេពគ្រឿងញៀន ការជួញដូរផ្លូវភេទ និងការឆ្លងមេរោគអេដស៍ជាដើម។
ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ចេញនូវយន្តការ នីតិវិធី បទដ្ឋានគតិយុត្ត និងការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលមានក្រសួងព័ត៌មានជាប្រធាន និងមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ហើយក្រុមការងារ មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេស លើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេស សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត ។ រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាព។
ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានអញ្ចើញម្ចាស់ក្រុមហ៊ុនទូរទស្សន៍ចំនួន១៦ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មចំនួន៧ ដែលកំពុងប្រតិបត្តិការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា មកប្រជុំពិភាក្សា និងធ្វើការណែនាំដោយបានដាក់ចេញនូវគោលការណ៍ ៤ចំណុចសំខាន់ៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សាយពាណិជ្ចកម្មត្រូវអនុវត្ត៖ ទី១ .ហាមអនុញ្ញាតឱ្យមនុស្សឡើងលើឆាកប្រកួត ឬឆាកសម្តែងនានាទទួល ទានគ្រឿងស្រវឹង ។ ទី២. ហាមពិធីករ ពិធីការិនី និងសិល្បៈករ សិល្បៈការិនី ឬជនដែលមានឥទ្ធិពលនៅក្នុង បណ្តាញទំនាក់ទំនងសង្គមគាស់ក្រវឹលកំប៉ុង និងជំរុញឱ្យគេទទួលទានគ្រឿងស្រវឹង ។ ទី៣. រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រូវតែដាក់សារព្រមាន “ទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ” ឬ “ ទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ”។ ទី៤. តម្រូវឱ្យពិធីករ ពិធីការិនីផ្សព្វផ្សាយសារអប់រំឱ្យបានញឹកញាប់អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ព្រមទាំងអនុវត្តតាមបទបញ្ជា សារាចរណែនាំស្តីពីការផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ដែលមានដាក់ចេញនាពេលកន្លងមក៕