រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យ គណបក្សកម្លាំងជាតិ ធ្វើការប្រមូលផ្តុំជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែង លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នោះឡើយ។ នេះបើយោងតាមកំណត់ហេតុប្រជុំ ស្តីពី ការជូនដំណឹងជួបជុំសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យ គណបក្សកម្លាំងជាតិគោរពទៅតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងមក គឺមិនអនុញ្ញាតជូនទេ ដោយករណីនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការនៅឡើយ។ ក្នុងករណីគណបក្សកម្លាំងជាតិ មិនឯកភាពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គណបក្ស កម្លាំងជាតិមានសិទ្ធិតវ៉ាទៅក្រសួងមហាផ្ទៃ អំពីការសម្រេចចិត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការជួបជុំសម្តែងមតិនេះ គឺផ្ទុយមាត្រ៩ វាក្យខណ្ឌទី២ នៃច្បាប់ស្តីពីការធ្វើការបាតុកម្មដោយសន្តិវិធី។ ចំពោះការអនុវត្តនីតិវិធីរបស់ តុលាការទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយគណបក្សកម្លាំងជាតិអាចរកមេធាវី ដើម្បីការពារប្រយោជន៍បុគ្គល ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនេះ។
គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានប៉ូលិស ចាប់ខ្លួន តាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយលោកបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍប្រទេស ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
ផ្អែកតាមការវិវត្តចុងក្រោយ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតគោរពសូមទោស សម្តេចធិបតី ហ៊ុន ម៉ាណែត និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។ ការសូមទោសរាជរដ្ឋាភិបាល និងទទួលស្គាល់កំហុសរបស់ លោក ស៊ុន ចន្ធី វាហាក់ដូចជាផ្ទុយពីជំហររបស់គណបក្សដែលនៅតែបន្តស្នើសុំតវ៉ាដោះលែង៕