បន្ទាប់ពីសម្ដេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី ប្រកាសយកដីជុំវិញតំបន់ភ្នំ១៥០០ (ផ្លូវអន្ទង់អាំង)ទុកអភិរក្សជាតំបន់ទេសចរណ៍ប្រជាពលរដ្ឋចំនួន៦៧គ្រួសារក្នុងចំណោម ៩៨គ្រួសារ ដែលរស់នៅកាន់កាប់សាងសង់សំណង់ខុសច្បាប់នៅលេីដីរដ្ឋនៅភូមិដីក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិសាត់បានស្ម័គ្រចិត្តចាកចេញនិងយល់ព្រមសហការទទួលយកការដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល។
ដោយឡែកនៅសល់ចំនួន៣១គ្រួសារទៀតដែលភាគច្រេីនអ្នករាជធានីភ្នំពេញនិងក្រៅភូមិសាស្ត្របានតវ៉ាមិនព្រមសហការទទួលយកគោលនយោបាយដោះស្រាយរបស់អាជ្ញាធរ។ នេះបើយោងតាមឯកសារដែលត្រូវបានទម្លាយលើបណ្តាញសង្គមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
ប្រភពដ៏គួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ការតវ៉ាភាគច្រេីនគឺធ្វេីតាមការញុះញង់របស់ឈ្មោះថៃថេរ៉ាគុនអនិកជនខ្មែររស់នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកដែលតែងតែបង្ហោះវីដេអូភូតកុហកមហាជនថា ខ្លួនរស់នៅលេីដីដែលខ្លួនកាន់កាប់ថាជាដីស្របច្បាប់ខណៈដីនោះគ្មានប័ណ្ណកម្មសិទ្ធិសង់ផ្ទះគ្មានលិខិតអនុញ្ញាតនិងសង់ផ្ទះរំលោភលេីដីចំណីផ្លូវស្ទេីរតែទាំងអស់។
ដោយឡែកលោកជំទាវសុខុមហ៊ុនពុទ្ធារី ដែលជាភរិយារបស់ឯកឧត្តមផូវសំភីប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការនិងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏មានឈ្មោះតវ៉ាក្នុងចំណោមអ្នកតវ៉ាទាំង៣១គ្រួសារដែរ។
សូមបញ្ជាក់ថាទោះបីប្រជាពលរដ្ឋដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក៏ដោយក៏អាជ្ញាធរនិងរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយជូនគ្រប់ៗគ្នាដោយដោះដូរដីនៅទីកន្លែងផ្សេងស្ថិតនៅភូមិប្រម៉ោយឃុំប្រម៉ោយស្រុកវាលវែងដដែល ព្រមទាំងធ្វើផ្លូវកៅស៊ូប្រវែង៥គីឡូម៉ែត្រ តភ្លេីងអគ្គីសនីចូលនិងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនថែមទៀតផង៕