វឌ្ឍនភាព​គម្រោង​រំដោះទឹកនិង​ពង្វាង​ទឹកជំនន់​ចេញពីរាជធានី​ភ្នំពេញ

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។ បើតាមក្រសួងធនធានទឹក និងឧតុនិយម គិតមករហូត​មក​ដល់ពេលនេះ វឌ្ឍនភាពការងារនៃអនុគម្រោងសំណង់ទ្វារទឹក និងប្រព័ន្ធដោះទឹកជំនន់ស្ទឹងតូចសម្រេចបានប្រមាណ ៧០ភាគរយ។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញដឹកនាំក្រុមការងាររបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំដោយឯកឧត្ដម យូ ស៊ុនឡុង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទ្វារទឹក និងស្ថានីយបូមទឹក នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ក្នុងខេត្តកំពង់ស្ពឺ និងការងារស្តារប្រឡាយព្រែកហូរ ក្នុងខេត្តកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានចុះពិនិត្យសំណង់ស្ថានីយបូមទឹកសាក់សំពៅ ក្នុងភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ ដែលមានអគារកម្ពស់ ៨ម៉ែត្រ មានទទឹងខាង ២៧ម៉ែត្រ និងបណ្តោយទាំងថ្មការពារជើងទេរមុខក្រោយ ១៥០ម៉ែត្រ មានក្បាលបូម ៦គ្រឿង អាចបូមបាន ៣០ម៉ែត្រគូបក្នុង១វិនាទីក្នុង១គ្រឿង។

ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣។ គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម្រេចបានប្រមាណ ៩៥% ហើយគ្រោងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ៖ ពុទ្ធិកា