ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងអនុវត្តន៍ការប្រឡងជ្រើសរើសមន្ត្រី ចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍«ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅកាន់ អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវវិនិយោគកម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព គឺជាគន្លឹះមួយសម្រាប់ធានានូវប្រសិទ្ធភាពធនធានមនុស្ស ប្រកបដោយគុណភាព សម្រាប់បម្រើការក្នុងជួរមន្រ្តីរាជការតាមក្រសួងស្ថាប័ន។
ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា អភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ «ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច»។ ភាពជោគជ័យក្នុងការសម្រេចបាននូវអភិបាលកិច្ចចល្អអាស្រ័យលើកត្តាសំខាន់ចំនួន២ គឺត្រូវរៀបចំឱ្យមនុស្សមានសមត្ថភាព និងប្រព័ន្ធការងារច្បាស់លាស់៕ អត្ថបទ៖ ពុទ្ធិកា