ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមប្រឹក្សាខេត្តព្រៃវែង សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រារព្ធនៅសាលាខេត្តព្រៃវែង។
យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមប្តឹក្សាខេត្តព្រៃវែង មានសមាសភាពចំនួន២៧រូប ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត មានតំណែងជាប្រធានក្រុមប្រឹក្សា។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាគឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។
ដើម្បីឱ្យការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោតដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាភិបាលនិងគណៈអភិបាលត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន៕