ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។ នេះជាការលើកឡើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាបនាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា ។ កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្ន ជាជាតិមួយមានសន្តិភាពពេញលេញ ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជាប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាននិងកំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ ។ បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម ។
សម្តេចធិបតី បានបន្តថា ពេលនេះ ជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ ។ ទន្ទឹមនេះ ក្រោមការចូលរួមរបស់យើងគ្រប់គ្នា យើងប្រាកដណាស់ថានឹងរីកចម្រើន ហើយយើងគ្រប់គ្នានឹងទទួលបានផ្លែផ្កាពីការរីកចម្រើននេះជាមួយគ្នា ៕
អត្ថបទ៖ ពុទ្ធិកា