កម្ពុជា និងហ្វាំងឡង់ ប្តេជ្ញាបន្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអាណត្តិការទូតរយៈពេល ៤ ឆ្នាំនៅកម្ពុជា ឯកឧត្តមបានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាលើវិស័យជាច្រើន ដូចជា ការបោសសំអាតមីន ការគ្រប់គ្រងនិងចុះបញ្ជីដីធ្លី ការជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍសង្គមផងដែរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន ជាពិសេសលើវិស័យអប់រំ ខណៈដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ដោយឡែក ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកប ដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តដល់ រដ្ឋាភិបាលហ្វាំងឡង់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និងបរិស្ថាន បន្ថែមទៀត តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន៕
អត្ថបទ៖ ពុទ្ធិកា