ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជពិធីនេះ មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីសង្ឃគ្រប់ឋានានុក្រម គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូលទាំងបី ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដើម្បីជាកិច្ចជូនដំណើរជាលើកចុងក្រោយទាំងក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក។
សម្តេចព្រះមហាសង្ឃរាជ ទេព វង្សបានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាចក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសពរបស់សម្តេចសង្ឃ ត្រូវបានតម្កល់ធ្វើបុណ្យរហូតដល់ ១០០ថ្ងៃ ដើម្បីគោរបូជា លុះដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសព បានរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង។
នៅថ្ងៃទី៣ ខែមិថុនា ដែលថ្ងៃថ្វាយព្រះភ្លើង ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កំណត់ជាថ្ងៃកាន់ទុក្ខលើកទី២ ដោយតម្រូវឱ្យគ្រប់ស្ថាប័នរដ្ឋ-ឯកជន និងប្រជាពលរដ្ឋ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ត្រឹមពាក់កណ្តាលដងក្នុងរាជធានីភ្នំពេញ ព្រមទាំងណែនាំដល់គ្រប់ស្ថានីយទូទស្សន៍ និងវិទ្យុទាំងអស់ ត្រូវផ្អាកសកម្មភាពសម្តែង និងការចាក់ផ្សាយទស្សនីយភាពទាំងឡាយណា ដែលមានលក្ខណៈគគ្រឹកគគ្រេង។
ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ដោយស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គមានស្នាព្រហស្ថក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយរបបកម្ពុជាប្រជាធិតេយ្យ(ខ្មែរក្រហម)៕
អត្ថបទ៖ អក្ខរា