ប្រទេសតួកគី នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ខណៈដែលកម្ពុជានិងតួកគីយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវ ការរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រយៈពេលពីរថ្ងៃ នៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កម្ពុជា និងតួកគី បានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់ការ វិនិយោគ នា ពេលអនាគត ក្នុងវិស័យដូចជា កសិឧស្សាហកម្ម អប់រំ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានស្នើភាគីតួកគី ឱ្យមើលមកប្រទេសកម្ពុជា ជាផ្នែកមួយនៃទីផ្សារដ៏ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦៥០លាននាក់ តភ្ជាប់ដោយបណ្តាញកិច្ចព្រម ព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគី រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និង ជាមួយសាធារណរដ្ឋកូរ៉េ ជាដើម។
គួរបញ្ជាក់ថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ៕
អត្ថបទ៖ ពុទ្ធិកា