ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម អឹង អេងហេន(Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងសិង្ហបុរី បានប្តេជ្ញានឹងធ្វើការរួមគ្នា ដើម្បីសន្តិភាពក្នុងតំបន់អាស៊ាន។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា សិង្ហបុរី ក្នុងនោះ ទាំងវិស័យស៊ីវិល និង យោធា ប្រទេសសិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលនៅសិង្ហបុរី ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ចូលមកដល់ឆ្នាំ២០២៤ នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក កម្ពុជានិងសិង្ហបុរី ក៏បានបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹក ។
ជាមួយគ្នានេះ ឯកឧត្តម អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដែលទៅថ្ងៃខាងមុខ យើងនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកអាស៊ានផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និងបានថ្លែងសន្ទរកថាដ៏ល្អផងដែរ៕ អត្ថបទ៖ ពុទ្ធិកា