ក្រៅពីជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម។
ការអំពាវនាវនេះបានធ្វើឡើងក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍ភូមិ កសិផលខ្មែរបែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ថា ពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ បានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ។ ពិព័រណ៍នេះមានគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករដែលខិតខំប្រឹងប្រែងផលិត ៕ អត្ថបទ៖ ពុទ្ធិកា