សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យជិតបាត់បង់ និងជំរុញលើកទឹកចិត្ត ផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបានឋិតថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ។ មូលនិធិនេះ នឹងមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាភរិយារបស់សម្តេច ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល។
ការប្រកាសបង្កើតតមូលនិធិនេះ បានធ្វើឡើងនៅក្នុង ពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរក្រោមប្រធានបទ «អ្នកស្នងមរតក» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ និងមានអ្នកចូលរួមប្រមាណ ៣ ០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង ទន្ទឹមនឹងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ជាតិ និងអភិវឌ្ឍបន្ថែមទៀតស្របតាមស្ថានភាពបច្ចុប្បន្ន ក៏ត្រូវពិនិត្យមើលលើការអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យខ្ពស់ផងដែរ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ ជាដើម ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សម្តេចក៏អំពាវនាវឲ្យសមាគមសិល្បករខ្មែរ សមាគមនានានៅក្នុងវិស័យសិល្បៈទាំងអស់ រួមគ្នាដើម្បីថែរក្សាអភិរក្សលើកស្ទួយការចាប់អារម្មណ៍ នៅក្នុងសិល្បៈគ្រប់ទម្រង់ ជាពិសេសការការពារស្រាវជ្រាវឡើងវិញនៅទម្រង់សិល្បៈដែលបាត់បង់ទៅហើយ។ អត្ថបទ៖ ពុទ្ធិកា