ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។
បើតាមឯកឧត្តម ស សុខា កុមារ គឺជាទំពាំស្នងឫស្សី កុមារ គឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។
ពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា និងកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”។ ឯកឧត្តម ស សុខា ចាត់ទុកពិធីនេះ ជាការបង្ហាញថាកម្ពុជា បាននិងកំពុងចូលរួមជាមួយនឹងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា៕