ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មិនត្រឹមជួយលើកកម្ពស់ការគោរពប្រណិប័តន៍ផ្នែកព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែក៏បានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។
សម្តេចធិបតីថ្លែងបន្តថា បើគ្មានសុខសន្តិភាព គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រណីប័តន៍ផ្នែកសាសនា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវសហការជាមួយគណៈសង្ឃនាយក ក្រសួងធម្មការ និងសាសនា ដើម្បីប្រើប្រាស់ទីកន្លែងនេះ ជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ ពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្តុះនូវគុណធម៌ សីលធម៌ ចរិយាធម៌ និងបដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្តីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជា តំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។
គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់ តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ៕