ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តម ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន ចំនួន ៤០០ក្បាល ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ។
ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផងដែរ។
ឯកឧត្តមបានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ ដែលផ្ដើមការធ្វើតេស្តលើមន្ត្រីនិងកងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧ មកនោះ គឺនឹងមិនបញ្ចប់វិធានការសម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្តវិធានការផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន៕