លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ ខែមិថុនា និងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា។
បន្ទាប់ពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បង្ហោះសារអំពាវនាវនេះ គេឃើញមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ ដោយបានចូល Comment ដោយយ Screenshot នៅចំនួនថវិកាដែលខ្លួនបានបរិច្ចាគ។
សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។
«មូលនិធិគន្ធបុប្ផាកម្ពុជា»ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨ ដោយសម្រេចដាក់ប្រាក់វិភាគទានដំបូង ដែលជាថវិការបស់រដ្ឋចូលមូលនិធិនេះចំនួន១០លានដុល្លារ និងប្រកាសបន្តដាក់ថវិកា៥លានដុល្លារចូលមូលនិធិនេះជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕