សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកមូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។
ប្រសាសន៍ណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅចំពោះមុខលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលអនុញ្ញាតឲ្យប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។
សម្ដេចតេជោបានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេចបានមានប្រសាសន៍ថា “យើងអភិរក្សរបស់មានស្រាប់ និងខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺ បញ្ញាសិប្បនិម្មិត (AI) ដែល ជំនួសការងារមនុស្សកាន់តែច្រើនឡើង។”
សម្តេចបានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារ កាលពីសម័យបារាំង ទីអារាម និង ព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ …។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។”
បន្ថែមពីនេះ សម្តេចតេជោ បានណែនាំឱ្យពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយសមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”៕