សម័យនេះហើយនៅមានអ្នកកាសែត«ចងមុង»សរសេរព័ត៌មាន ដើម្បីវាយប្រហារគេទៀត!

កាលពីជាង១០ឆ្នាំមុន មហាជនប្រហែលធ្លាប់បានលឺហើយគេនិយាយតៗគ្នាថា អ្នកកាសែតចងមុងសរសេរព័ត៌មាន។ ចងមុង សរសេសព័ត៌មាននេះ គឺគេចង់សំដៅដល់ក្រុមអ្នកកាសែតមួយចំនួន ឬស្ថាប័នសារព័ត៌មានខ្លះ ដែលអង្គុយសរសេរព័ត៌មានវាយប្រហារអ្នកនេះ អ្នកនោះ ឬពន្លើសព័ត៌មានបែបនេះ បែបនោះ ដោយមិនបានចុះទៅយកព័ត៌មានដោយផ្ទាល់ ឬមិនបានធ្វើសម្ភាសប្រភពតាមទូរស័ព្ទអ្វីនោះទេ។ ពោល គឺគេសរសេរតាមតែនឹកឃើញ តាមតែអ្វីដែលគេចង់បាន ដែលខុសធ្ងន់លើវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌មាន។ តួយ៉ាង ដូចសារព័ត៌មាន The Cambodia Daily Khmer និងវិទ្យុអាស៊ីសេរី។ 

កាលពីជាង១០ឆ្នាំមុននោះ ធនធានអ្នកកាសែតដែលមានគុណភាព និងសមត្ថភាព ឬដែលទទួលបានការបណ្តុះបណ្តាលផ្នែកសារព័ត៌មាន មិនសូវជាមានច្រើននោះទេ។ អ្នកខ្លះ មិនទាំងបានរៀនសូត្របានជ្រៅជ្រះ កុំព្យូទ័រមិនទាំងចេះប្រើប្រាស់ថែមទៅទៀត។ មែនទែនទៅ យើងមិនអាចបន្ទោសពួកគាត់បានទេពីបញ្ហាកម្រិតវប្បធម៌ទាំងទូទៅ និងទាំងផ្នែកសារព័ត៌មាននេះ ដោយសារប្រទេសកម្ពុជា ទើបតែរួចផុតពីសង្រ្គាមដែលខ្វះមុខខ្វះក្រោយដែលយើងមិនអាចប្រកែកបានឡើយ។ ទាំងនេះហើយ ទើបបណ្តាលឱ្យមានកំហុសឆ្គងផ្នែកវិជ្ជាជីវៈក្រមសីលធម៌បានកើតឡើងច្រើននៅក្នុងសម័យនោះ។ ជាក់ស្តែងណាស់ ដូចករណីចងមុងសរសរព័ត៌មាននេះ។ 

ប៉ុន្តែ មកដល់សម័យនេះហើយ ម្តេចឡើយនៅមានទៀតការសរសរព័ត៌មានបែបចងមុងនេះ។ ជាការពិត ត្បិតថា សម័យនេះ ជាសម័យជឿនលឿនផ្នែកសង្គមបច្ចេកវិទ្យា ប៉ុន្តែ អ្នកកាសែតមួយចំនួននៅតែចាស់គំរិលផ្នែកចិត្តគំនិត ឬអាចហៅបែបម្យ៉ាងទៀតថា ខួរក្បាលពួកគាត់នៅជាប់កំអែលប្រឆាំងរាជរដ្ឋាភិបាល ហើយគាំទ្រដល់ក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ។ សម័យមុនថា អត់មានបណ្តាញទំនាក់ទំនងសង្គម ឬមធ្យោបាយទំនាក់ទំនងសម្បូរបែបទៅចុះ ទើបអ្នកកាសែតនៅជំនាន់នោះ ពិបាកក្នុងការទទួលបានព័ត៌មានផ្សេងៗ ចុះសម័យនេះទៅហើយ មធ្យោបាយទទួលបានព័ត៌មាន ឬទាក់ទងយកព័ត៌មានច្រើនអនេកណាស់ ហេតុអ្វីពួកគេខ្លះនៅតែចងមុងសរសេរព័ត៌មានទៀត? 

មិនពិបាកយល់ទេ! ទី១. ពួកគេជាអ្នកកាសែតកូនកាត់ គឺថា ជាអ្នកកាសែតពាក់កណ្តាល និងជាអ្នកនយោបាយពាក់កណ្តាល។ អ្នកកាសែតតែងតែសរសេរព័ត៌មានពិត ប៉ុន្តែ នៅពេលដែលពួកគេលាយធាតុជាអ្នកនយោបាយប្រឆាំងថែមទៀត គឺទៅជាអ្នកកាសែតសរសេរបំផ្លើសបំភ្លៃ។ ពួកគេសរសេរព័ត៌មានមិនពិត វាយប្រហាររាជរដ្ឋាភិបាលកម្ពុជាយ៉ាងនេះ គឺដើម្បីឱ្យក្រុមប្រឆាំងរបស់ខ្លួនទទួលបានប្រយោជន៍ផ្នែកនយោបាយ។ អាចនិយាយឱ្យខ្លីថា ពួកគេ និងអ្នកនយោបាយប្រឆាំងជាក្រុមតែមួយ។ ទី២. ពួកគេសរសេរព័ត៌មានវាយប្រហារ បំប៉ោងព័ត៌មាន គឺដើម្បីបន្តទទួលបានជំនួយដំណើរការសារព័ត៌មាន ទទួលបានប្រាក់ខែ ដើម្បីរស់នៅបន្តលើទឹកដីរបស់គេ។ ធម្មតាទេ ស៊ីបាយ អ្នកណាបម្រើអ្នកនោះ បើពួកគេមិនធ្វើតាមបង្គាប់ទេ ច្បាស់លាស់ នឹងមានបញ្ហាមិនខានឡើយ។ ម្យ៉ាងវិញ ពួកគេអាងខ្លួននៅបរទេស ទោះបីនិយាយខុស បំផ្លើសបំភ្លៃយ៉ាងណា ក៏គ្មានអ្នកណាទៅធ្វើអ្វីពួកគេបានដែរ។ 

ល្មមហើយ ល្មមឈប់បំផ្លាញខ្មែរតាមរយៈការសរសេរព័ត៌មានមិនពិតរបស់អស់លោកទៀតទៅ! អស់លោកសរសេរព័ត៌មានបែបនេះ អស់លោកទទួលបានផលប្រយោជន៍សម្រាប់តែខ្លួនអស់លោក ក្រុមគ្រួសារ ឬបក្ខពួកអស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រទេសជាតិ និងប្រជាពលរដ្ឋ អាចនឹងខាតបង់ដោយសារតែទង្វើដ៏អាក្រក់របស់អស់លោកនេះ៕ 

ដោយ៖ ជម្ពូនុទ