ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា ពិសេសការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។ ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។
តាមរបាយការពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៤មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណីទ្រង់ទ្រាយធំចំនួន ៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាប បានចំនួន ៣៨លើក។ ប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀនចម្រុះមួយចំនួនទៀត។
ក្រៅពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារផ្សព្វផ្សាយអប់រំ វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងនោះ មានជនរងគ្រោះដោយសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ជិត ១ ០០០នាក់ ស្រី ៥០នាក់។ ចំណែកការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីនិងកម្លាំង រដ្ឋបាលខេត្តអនុវត្តបានចំនួន ៤ ៤១៥នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងបន្តការធ្វើតេសនេះបន្ថែមទៀត៕