ប្រមុខការទូតចិនចប់អាណត្តិ លោក Wang Wentian បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ លោក Wang Wentian បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍សោកស្តាយ ដោយលោកចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេល ឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និងជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ៕