សមត្ថកិច្ចធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅផ្សារទំនើបអ៉ិអន3

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអនមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកការធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។

ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអនមានជ័យ ជាច្រើនរូបទៀត។

អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឲ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់បុគ្គលិករបស់ផ្សារទំនើប ឲ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ជិត៥ខែ ដើមឆ្នាំ២០២៤ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ករណីងគ្គិភ័យមានចំនួន៣៣៧/២៥៤លើក កើនឡើងចំនួន៨៣លើក ប្រៀបធៀបរយៈពេល១៤៤ថ្ងៃ (ជិត៥ខែ) ដើមឆ្នាំ២០២៣៕