ក្នុងសន្និសីទអន្តរជាតិនៅជប៉ុនលោក ស៊ុន ចាន់ថុល ប្រាប់ពិភពលោករឿងព្រែកជីក, មូលដ្ឋានសមុទ្ររាម និងជួយភូមាស្វែងរកសន្តិភាព

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសន្ទរកឋាក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី” Nikkei Forum 29th Future of Asia កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយក្នុងនោះផ្តោតទៅលើចំណុចមួយចំនួនរួមមាន គម្រោងព្រែកជីកហ្វូណនតេជោ មូលដ្ឋានកងទ័ពជើងទឹករាម និងការខិតខំរបស់កម្ពុជាក្នុងការជួយប្រទេសមីយ៉ានម៉ាស្វែងរកសន្តិភាព។

លោកថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ជាគម្រោងដែលធ្វើឱ្យមានការផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់ ហើយក្នុងនោះរដ្ឋាភិបាលវៀតណាមមិនបានធ្វើការជំទាស់ចំពោះគម្រោងនេះទេ ដោយការលើកឡើងភាគច្រើនគឺចេញពីក្រុមអ្នកស្រាវជ្រាវតែប៉ុណ្ណោះ។ ការសិក្សាលម្អិតក៏បានបញ្ជាក់ផងដែរថា ព្រែកជីកនេះនឹងប្រើប្រាស់ទឹកត្រឹមតែ ០,០៥% ប៉ុណ្ណោះ ដែលខុសពីការលើកឡើងមួយចំនួន។ ផ្ទុយទៅវិញ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនរួមមាន កាត់បន្ថយហានិភ័យនៃទឹកជំនន់ ទាំងនៅក្នុងប្រទេសកម្ពុជា និងវៀតណាម ព្រមទាំងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចតាមរយៈការកាត់បន្ថយចម្ងាយធ្វើដំណើររបស់នាវា។

សម្រាប់មូលដ្ឋានកងទ័ពជើងទឹករាម លោក ស៊ុន ចាន់ថុល បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសណាមកតាំងទីនៅក្នុងប្រទេសកម្ពុជានោះទេ និងបានបញ្ជាក់តបទៅវិញផងដែរថា ប្រសិនបើទ័ពជើងទឹកនៃប្រទេសណាមួយចង់ប្រើប្រាស់កំពង់ផែនេះសម្រាប់កិច្ចការងារមនុស្សធម៌ ប្រទេសកម្ពុជានឹងស្វាគមន៍ទាំងអស់ ក្នុងការចូលប្រើប្រាស់កំពង់ផែនេះ។ ក្នុងទឡ្ហីករនេះ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងករណីដែលកប៉ាល់​របស់ជប៉ុន ឬក៏អាមេរិកត្រូវការប្រើប្រាស់កំពង់ផែនេះ តែកម្ពុជាពុំអនុញ្ញាតដោយសារកំពង់ផែនេះជារបស់ចិន នោះទើបគួរណាអាចធ្វើការចោទប្រកាន់មកលើប្រទេសកម្ពុជាបាន។

ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា លោកបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់នូវការលំបាក និងរងការបំផ្លិចបំផ្លាញជាច្រើន ប៉ុន្តែយើងនៅអាចស្វែងរកការផ្សះផ្សារជាមួយគ្រប់ភាគីដោយសន្តិវិធី ហើយឈានទៅដល់ការកសាងប្រទេសជាតិរបស់យើងឡើងវិញ។ ហេតុដូចនេះ កម្ពុជានឹងធ្វើការចែករំលែកជាមួយភាគីមីយ៉ាន់ម៉ាអំពីបទពិសោធន៍នេះ និងបន្តផ្តល់ឱ្យមីយ៉ាន់ម៉ានូវនីតិវិធីការផ្សះផ្សារគ្នា ដែលសម្រេចបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសកម្ពុជា៕