គ.ជ.ប៖ គណបក្សនយោបាយ កាន់តែមានភាពចាស់ទុំខាងនយោបាយ

ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប បានលើកឡើងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេល ៨ថ្ងៃ។ គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

ក្នុងនាម គ.ជ.ប ឯកឧត្តម ថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ ដែលកាន់តែមានភាពចាស់ទុំខាងនយោបាយ បានចូលរួមគោរព និងអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី រួមនិងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ព្រមទាំងសហការផ្តល់ព័ត៌មាន គោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។

ឯកឧត្ដម ក៏បានថ្លែងអំណរគុណផងដែរចំពោះអាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់សាធារណៈល្អ ដោយពុំមានការរើសអើង និងសូមលើកទឹកចិត្តបន្តទៀតជូនមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។

សមាជិក គ.ជ.ប បានបញ្ជាក់ថា ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៤ នេះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោតត្រៀមខ្លួន ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត៕