«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់ សម្រាប់ជនណាក៏ដោយដែលថា កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចតេជោបានបញ្ជាក់ថា នៅអឺរ៉ុបដូចជាមានដែលថាអ៊ីត្លែមិនមែនជារបរ ណាស៊ី ដូចជាមានទោស ចឹងកម្ពុជាគួរធ្វើទេ? នេះមិនមែនជាការបំផុសក្នុងន័យដើម្បីសង្កត់ទៅលើការបញ្ចេញមតិទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់បែបនេះ ម្ខាងថ្កោលទោសខ្មែរក្រហម តែម្ខាងថ្កោលទោសចំពោះអ្នកដែលបានផ្តួលរំលំខ្មែរក្រហមដែរ។ ចឹងខ្ញុំគិតថាល្មមដល់ពេលត្រូវដាក់ច្បាប់ បើមិនចឹងទេពួកអ្នកនយោបាយ នៅតែលេងល្បែងដដែលៗ ដែលធ្វើឲ្យភាពច្របូកច្របល់កើតឡើងនៅក្នុងសង្គម។
បើតាមសម្ដេចតេជោ ហ៊ុន សែន, រឿងនេះជារឿងដែលត្រូវគួរពិចារណា ព្រោះសម្ដេចត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍៕
អត្ថបទ៖ អក្ខរា