ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ កោះហៅមកបំភ្លឺនៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ ជុំវិញករណីប្រមូលយកថវិកាក្នុងមួយឃុំ ១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមជុំវិញករណីមានឧត្តមសេនីយ៍ កែវ សារ៉ាវុធ នៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកាក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះអង្កេតស្រាវជ្រាវករណីជាបន្ទាន់។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការបំភ្លឺលោក កែវ សារ៉ាវុធ ទទួលស្គាល់ថា លោកពិតជាបានដឹកនាំក្រុមការងារ ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន ២គ្រឿង និងទើបតែធ្វើសវនកម្មបានចំនួន ៤ស្រុកប៉ុណ្ណោះ។
បើតាមលោក ទូច សុខៈ ជានីតិវិធីបន្តក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។ លោកបន្តថា ដើម្បីប្រសិទ្ធភាពនៃការងារកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ «សម្អាតផ្ទះយើង» របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីការចូលរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈមតិពិតជាមានសារៈសំខាន់ណាស់។
ទន្ទឹមនឹងនេះ លោកបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ៕