AFD បន្តគាំទ្រកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខ

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។ លោកស្រីអក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ។

បើតាមលោកស្រីអគ្គនាយិការង, ទីភ្នាក់ងារ AFD នៅកម្ពុជាផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ លោកស្រីគូសបញ្ជាក់ថា AFD បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា៕