លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ប្រទេសយើងទាំងពីរ (កម្ពុជា-ឥណ្ឌា) មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកស្រីថ្លែងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោកស្រីសង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។ លោកស្រី ក៏បានស្នើសុំសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយប្រទេសឥណ្ឌា នឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចនាពេលខាងមុខផងដែរ។
សម្ដេចតេជោបានលើកឡើងថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យមួយ។ សម្ដេច ក៏បានសម្ដែងនៅការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។ សម្ដេចតេជោ ក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត៕