ប្រធានាធិបតីបារាំងនិយាយថា លោកជិតស្និទ្ធជាមួយសម្តេចធិបតី និងបង្កើតក្រុមជជែកមេដឹកនាំបារាំង-កម្ពុជា-ថៃ តាម WhatApp

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅពេលលោក និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធ WhatApp។ ទន្ទឹមនោះ លោក សេដ្ឋា បបួលលោក ម៉ាក្រុង បង្កើតក្រុម WhatApp បីនាក់ ដែលមានលោកសេដ្ឋា លោក ម៉ាក្រុង និងសម្តេចធិបតី ដើម្បីពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗទាក់ទងនឹងប្រទេសបារាំង និងអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

គួររំលេចថា លោកប្រធានាធិបតី ម៉ាក្រុង បានចេញលិខិតដោយផ្ទាល់អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីដើមខែមករា ឆ្នាំ២០២៤។ នេះជាលក្ខណៈពិសេសមួយនៃទំនាក់ទំនងរវាងសម្តេចធិបតី និងម៉ាក្រុង ដោយហេតុថា ប្រធានាធិបតីបារាំងជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។

លោក ម៉ាក្រុង​ដែលមានអាយុប្អូនសម្តេចធិបតី ហ៊ុន ម៉ាណែត ២ខែ បានក្រាលកម្រាលព្រំក្រហម ទទួលវត្តមានប្រមុខដឹកនាំកម្ពុជា ប្រកបដោយកិត្តិយសក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់នៅលើទឹកដីនៃទ្វីបអឺរ៉ុប។

ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អ ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-បារាំង ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត មេដឹកនាំជំនាន់ទីពីរបន្តពីស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទីមួយ គឺសម្តេចតេជោ ហ៊ុន សែន។ នេះស្តែងឲ្យឃើញថា មេដឹកនាំចាស់ពូកែសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម៕

អត្ថបទ៖​ អក្ខរា