“ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយយើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់” នេះបើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា UENO Atsushi ក្នុងពេលចូលរួមពិធីពិសាអាហារថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។
លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ។ ក៏ប៉ុន្តែ ឥឡូវនេះ មានអគាររបស់គណបក្សប្រជាជនកម្ពុជា និងអគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។
លោក UENO Atsushi បានបន្តទៀតថា ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា។ លោកបានកត់សម្គាល់ថា កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ដោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ហើយកម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល។
ប្រមុខការទូតជប៉ុនបានលើកឡើងទៀតថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច។ ជប៉ុនគាំទ្រដល់កម្ពុជា ក្នុងការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ។ ជប៉ុន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត៕
អត្ថបទ៖ អក្ខរា