លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួនហើយ នៅត្រៀមចាកចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ២ ៣ថ្ងៃខាងមុខនេះ។ ៥ឆ្នាំនៅកម្ពុជា លោកទូតអាមេរិករូបនេះ វាយតម្លៃខ្ពស់ ចំពោះការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពេលចូលជួបសម្ដែងការគួរសម និងជម្រាបលាឯកឧត្ដម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម ស សុខា ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព។ ឯកឧត្តម ក៏បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខទៀត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូតរបស់លោក Patrick Murphy។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថា លោកPatrick Murphy បានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូតដ៏យូរលង់ជាង៧ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម «ក្នុងនាមជាអ្នកការទូត គួរជាទីគោរព ប្រកបដោយចំណេះដឹង និងបទពិសោធជ្រៅជ្រះអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ ចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ ភាគីទាំងពីរ ក៏បានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕