អ្នកនាំពាក្យ៖ ទីផ្សារកសិផលក្នុងស្រុក ត្រូវបានគេយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិកម្មចំពោះការយកទីផ្សារបន្លែផ្លែឈើ មកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ដើម្បីតែទាក់ទាញការចាប់អារម្មណ៍ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ជាក់ស្តែងថ្មីៗនេះ មានផេកហ្វេសប៊ុកយករឿងទីផ្សារផ្លែឪឡឹកក្នុងស្រុក ជារូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន។

អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែឧសភានេះ បានលើកឡើងថា ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ។ លោកថា ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares និងចាប់អារម្មណ៍ពីខ្លួនឯង ប្រៀបបាននឹងការយកកសិកររបស់យើងមកលេងសើចយ៉ាងដូច្នេះដែរ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ “បច្ចុប្បន្ននេះទីផ្សារផ្លែឪឡឹកក្នុងស្រុកមិនមានបញ្ហានោះទេ ហើយរូបភាពដែលយកមកផុសទាំងនោះគឺជារូបភាពពីប្រទេសវៀតណាមតាំងពីឆ្នាំ២០១៤ និងឆ្នាំ២០២០ ដែលត្រូវបានយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ធ្វើឱ្យយើងទាំងអស់គ្នាជឿ ហើយនាំគ្នាចែករំលែកបន្តគ្នាទាំងមិនដឹងខ្លួន។ នេះមិនមែនជាលើកទី១នោះទេ ហើយក៏មិនខុសអ្វីពីករណីផ្សព្វផ្សាយផ្ទុយពីការពិតថា សណ្តែកកួរឡើងថ្លៃគឺជាសណ្តែកកួរនាំចូលមកពីក្រៅ ក្នុងពេលដែលយើងគួរតែសាទរដល់បងប្អូនកសិករក្នុងស្រុករបស់យើងដែលទទួលបានថ្លៃកសិផលសមរម្យទៅវិញទេ”។

បើតាមលោក ឃឹម ហ្វីណង់៖ “យើងត្រូវការព័ត៌មានពិតដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កសិករ តែមិនមែនព័ត៌មានបែបបំពុល ដែលផុសដើម្បីតែប្រជាប្រិយភាពរបស់ផេកខ្លួនឯងនោះទេ។ សង្ឃឹមថា សាធារណៈជននឹងជួយ block, unfollow, report ផេកបែបនេះ និងជួយនាំគ្នាលាងសម្អាតបណ្តាញសង្គមរបស់យើង ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា និងបន្តជួយគាំទ្រកសិផលក្នុងស្រុកបន្ថែមទៀត”៕

អត្ថបទ៖ អក្ខរា