សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។
លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅកូរ៉េ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតី យូន សក យ៉ល (Yoon Suk Yeol) ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្តថា សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១). ជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េ (២). ជំនួបសម្តែងការគួរសមចំពោះប្រធានរដ្ឋសភា (៣). ទទួលជំនួបសម្តែងការគួរសមដោយប្រធានអង្គការ ICAPP (៤). អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ និង (៥).ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ពីបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅកូរ៉េផងដែរ។
លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕