អគ្គលេខាធិការរដ្ឋសភា និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែឧសភាបានបើកកិច្ចប្រជុំត្រៀមរៀបចំបែបបទនិងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវី ក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។
យោងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នីតិវិធីត្រួតពិនិត្យសារធាតុញៀនមានបីផ្នែក (១)ការរៀបចំធ្វើតេស្ត (២)ទទួលលទ្ធផលក្រោយធ្វើតេស្ត (៣)លទ្ធផលក្រោយធ្វើតេស្តពេលវិជ្ជមាន និងធ្វើទៅតាមនីតិវិធីច្បាប់។
អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ការត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ធ្វើឡើងដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាអោយមានការរីកចម្រើនឡើង។
តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់បំណាច់ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ៕