ស្ថិតនៅក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទងនៃខេត្តកំពង់ស្ពឺ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគ្រឹះស្ថានដ៏ធំមួយដែលកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់១៩មុខជំនាញទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈ «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក ។
ស្របទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញពីជាង៤០០ក្រុមហ៊ុន រោងចក្រ សហគ្រាសទូទាំងខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បាននឹងកំពុងសម្រេចបាននូវការផលិតធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលមានគុណភាពសម្រាប់ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះផងដែរ។
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានបង្ហាញពីចក្ខុវិស័យថា គោលដៅដែលវិទ្យាស្ថានចង់ផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនោះ គឺប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យតែម្តង ពោលគឺផ្តល់ឱកាសដល់ អ្នកដែលបានបោះបង់ការសិក្សា អ្នកពុំទាន់មានជំនាញច្បាស់លាស់ និងអ្នកពុំទាន់មានការងារធ្វើ។
នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្តេជ្ញាថានឹងជួយដល់សិស្សទាំងអស់មិនត្រឹមតែទទួលបាននូវជំនាញពិតប្រាកដមួយប៉ុណ្ណោះទេ តែថែមទាំងជួយដល់សិស្សទទួលបានការងារធ្វើក្រោយរៀនចប់ទៀតផង ស្របទៅតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនចប់ រៀនចេះ មានការងារធ្វើ»។ ជាក់ស្តែង នៅក្នុងជំហានទី១ នៃការសិក្សា «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលមានសិស្សសរុបចំនួន ៤១៨នាក់ (ក្នុងនោះ សិស្សស្រីចំនួន ៦៣នាក់) បានបញ្ចប់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជំនាញក្នុងវិទ្យាស្ថានរយៈពេល៤ខែរួចមកហើយ និងកំពុងចុះហាត់ការផ្ទាល់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស មុននឹងចេញប្រកបការងារទៅតាមជំនាញរបស់ពួកគេ ដែលអាចទទួលបានប្រាក់ចំណូលចន្លោះពី ៣០០ដុល្លារ ដល់ជាង៨០០ដុល្លារអាមេរិកក្នុងមួយខែ។
យុវជន នេន ដា ជាសិស្សជំនាញជួសជុលរថយន្ត និងកំពុងហាត់ការលើជំនាញសិក្សារបស់ខ្លួន និយាយទាំងទឹកមុខញញឹម និងក្តីសង្ឃឹមថា៖ «ខ្ញុំប្តេជ្ញារៀនឲ្យចប់ ឲ្យចេះ និងមានការងារធ្វើ»។ យុវជនរូនេះបានសម្តែងការពេញចិត្តជាខ្លាំងចំពោះការទទួលបានឱកាសសិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ដោយមិនមានការបង់ថ្លៃ និងទទួលបានការយកចិត្តទុកជាខ្លាំងពីគ្រូបណ្តុះបណ្តាលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។
ទន្ទឹមនេះ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនផ្ទាល់ និង ក្រុមគ្រួសារដែលមានកូនចៅពុំទាន់មានចំណេះជំនាញណាមួយច្បាស់លាស់នោះទេ សូមជួយជម្រុញពួកគាត់ឲ្យមកចុះឈ្មោះសិក្សាលើជំនាញណាមួយ ក្នុងចំណោមជំនាញទាំង១៩ ដែលវិទ្យាស្ថានបានត្រៀមជាស្រេចក្នុងការបណ្តុះបណ្តាលដល់ពួកគាត់។ នេះជាឱកាសពិសេសណាស់ តាមរយៈ «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» របស់រាជរដ្ឋាភិបាលនាពេលនេះ គឺយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនបង់ថ្លៃសិក្សានោះទេ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលពីរាជរដ្ឋាភិបាលថែមទៀត ចំណែកយុវជន និងពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៥ឆ្នាំដល់៦០ឆ្នាំ ក៏អាចចូលសិក្សាដោយមិនគិតថ្លៃនោះដែរ។ បន្ថែមពីនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏ផ្តល់ជូនកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រ ខ្វះមធ្យោបាយធ្វើដំណើរ និងមានទីលំនៅឆ្ងាយទៀតផង។
សូមបញ្ជាក់ថា មុខជំនាញទាំង១៩ ដែលវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្តល់ការបណ្តុះបណ្តាលក្នុងជំហានទី២នេះ រួមមាន៖ ១. ការងារកំបោរ ២. ការដំឡើងបណ្តាញបំពង់ទឹក ៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ៤. ការដំឡើងពុម្ភ ៥. ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ៦. ការផ្សារអគ្គិសនី ៧. ការថែទាំ និងជួសជុលរថយន្ត ៨.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ៩.ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត ១០. សេវាកម្មធនធានមនុស្ស ១១. សេវាកម្មកុំព្យូទ័រ ១២.សេវាកម្មអតិថិជន ១៣. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ១៤.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១៥.ធុរកិច្ចភេសជ្ជៈ ១៦.ការធ្វើម្ហូបខ្មែរ ១៧.ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ១៨.ការចញ្ចឹម និងថែទាំត្រីប្រា ១៩.ការកែច្នៃបន្លែ និងផ្លែឈើ។