នាវាកងទ័ពជើងទឹកចិន ១គ្រឿងមកដល់កម្ពុជាត្រៀមធ្វើសមយុទ្ធនាគមាស

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ 985 ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសនៅសប្តាហ៍នេះ។

នាវា Type-071 នេះដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះប្រជាជនចិនភាគខាងត្បូង និងទទួលស្វាគមន៍មកដល់ទឹកដីកម្ពុជាដោយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការពារជាតិបានបង្ហាញលក្ខណៈបច្ចេកទេស​នាវាពហុមុខងារ​ Type-071 រួមមាន៖
* បណ្ដោយប្រវែង​២១០ម៉ែត្រ 
* ទទឹងប្រវែង​​២៨ម៉ែត្រ
* ជម្រៅទឹកប្រវែង​០៧ម៉ែត្រ
* ល្បឿន​​២៥ ណត
* ទំងន់ផ្ទុក​​២៥០០០តោន

សូមជម្រាបជូនថា ការរៀបចំធ្វើសមយុទ្ធនាគមាសរួមគ្នាកម្ពុជា-ចិន នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះនៅតំបន់សមុទ្ររាម ខេត្តព្រះសីហនុ៕