ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រើប្រាស់ថវិកាចំណាយរបស់ខ្លួនឱ្យបានហ្មត់ចត់និងប្រុងប្រយ័ត្នបំផុត ពិសេសកាត់បន្ថយការចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់។
សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវកាត់ព្យួរទាំងស្រុងរាល់ការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលតម្រូវឱ្យរដ្ឋបាលទាំងនេះ ត្រូវផ្អាករាល់គ្រោងដែលប្រើប្រាស់ចំណូលដែលបានពីការបែងចែកចំណូលសារពើពន្ធនេះ។
ក្រសួងបានកាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ និងបានណែនាំត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងផ្ញើរមកក្រសួងយ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
ដោយឡែក រដ្ឋបាលខេត្តដទៃទៀត ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។ ចំពោះរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ក៏ត្រូវតម្រឹម ឬកាត់បន្ថយចំណាយលើគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលមិនចាំបាច់ ទៅតាមស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញផងដែរ។
រីឯ រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរ ឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត៕