ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្មីៗនេះមានក្រុមក្រៅច្បាប់ មួយក្រុមបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធ លើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។
ទន្ទឹមនេះ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារ មកលើរាជរដ្ឋាភិបាល កម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធពិសេស ស្ថាប័នក្រសួងបរិស្ថានជាដើម។ យ៉ាងណាមិញការចុះ ផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូ របស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពី តថភាពពិតនៅកម្ពុជាឡើយ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ពិសេសពួកគេ បានបង្កើតព្រឹត្តិការណ៍ ធ្វើសកម្មភាជាច្រើន បង្ករភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ជាដើម។
យុវជនសង្គមស៊ីវិល អំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចហ៊ានហាមាត់និយាយបង្អួចជាតិសាសន៍ខ្លួនឯង៕
អត្ថបទ៖ អក្ខរា