លោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងអាណត្តិការទូតនៅកម្ពុជា។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។
លោកជំទាវ បានថ្លែងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។
ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។
សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលនឹងក្លាយជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្ដិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕