ព្រះចៅស៊ុលតង់ ផ្ញើសារអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សននៅប្រទេសព្រុយណេ

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ នាពេលខាងមុខ។ នេះបើតាមព្រះរាជសារផ្ញើជូនសម្តេចតេជោប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ព្រះរាជសារ ព្រះចៅស៊ុលតង់ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានព្រះអង្គសោយក្រយាពេលព្រឹកនៅសណ្ឋាគារ រ៉ូសវ៉ូដ នាពេលថ្មីៗនេះ។

ក្នុងព្រះរាជសារដដែល ព្រះចៅស៊ុលតង់ បានបង្ហាញព្រះទ័យរីករាយដែលបានជួបកូនប្រុសទាំង៣របស់សម្តេចតេជោ ពិសេសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ហើយរីករាយណាស់ចំណោះការសន្ទនា។ ពិសេសទៀតនោះ ព្រះមហាក្សត្រព្រុយណេ មានសេចក្តីសោមនស្សជាខ្លាំងលឺដំណឹងសម្តេចតេជោ ទទួលបាននូវតួនាទីថ្មីជាប្រធានព្រឹទ្ធសភា និងសូមជូនពរជ័យឲ្យសម្តេចតេជោសម្រេចបានសមិទ្ធផលឧត្តុង្គឧត្តមនាពេលអនាគត។

ទន្ទឹមនឹងនេះ ព្រះចៅស៊ុលតង់​ក៏បានអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយនេ ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសយើងទាំងពីរ៕