រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន”។
កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ទង់ខ្មែរ-ចិន។
ក្រសួងអប់រំ បានឲ្យដឹងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឱ្យសិស្សានុសិស្សកម្ពុជា ដែលសិក្សាភាសាចិនយល់កាន់តែច្បាស់អំពីទស្សនវិជ្ជាសិល្បៈ និងការកត់ត្រាអំពីការវិវត្តន៍ នៃពុម្ពអក្សរអក្សរផ្ចង់ចិន។ បន្ថែមពីនេះ តាមរយៈការរៀនសរសេរអក្សរផ្ចង់ចិន មិនត្រឹមតែជាការហ្វឹកហាត់ការសរសេរអក្សរចិនឱ្យស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបណ្តុះសមត្ថភាពលើភាពអត់ធ្មត់ ការគ្រប់គ្រងចិត្ត ការយកចិត្តទុកដាក់ និងការស្រឡាញ់ភាពផ្ចិតផ្ចង់ផងដែរ។
ឯកឧត្ត ហង់ជួន ណារ៉ុន លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់៕