គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹកនៅខេត្តសៀមរាបមានសមត្ថភាពស្រោចស្រពផ្ទៃដីជាង ១ពាន់​ហិកតា​

គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្រ្តរបស់កម្ពុជាកំពុងបន្តលេចចេញជារូបរាងបណ្តើៗហើយនៅតាមបណ្តារាជធានីខេត្តដើម្បីបង្កើនសមត្ថភាពស្រោចស្រប និងរំដោះទឹកជំនន់ជាដើម។

ជាក់ស្តែងសមិទ្ធផលថ្មីមួយទៀត គឺគម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៧៥ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹក អាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៧៥ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារបានទទួលផលពីគម្រោងនេះ។

ក្រសួងធនធានទឹកបន្តថា គម្រោងបង្វែរចរន្តទឹកស្ទឹងស្រែងរួមមានទំហំការងារសំខាន់ៗ ដូចជា ១)គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក ប្រវែង ៤៥០ម ២)សាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ប្រវែង១២០ម និង៣)សាងសង់សំណង់បេតុងបង្វែរទិសទឹក ប្រវែង ៨០ម។