ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអរគុណចំពោះជនរងគ្រោះទាំងពីរនាក់ដែលបានមកដល់ ស្នងការដ្ឋ្នាននគរបាលរាជធានីមកដាក់ពាក្យបណ្ដឹងតាមការអញ្ជើញរបស់ឯកឧត្ដម ដែលបង្ហោះតាមផេក!។ ឯកឧត្តមបានបន្តថា៖ “ម្យ៉ាងក៌អរគុណប្អូនស្រីដែលក្លែងដើរតួជានគរបាល និងថាជាកូនចៅខ្ញុំដើម្បីដើរខ្ចីលុយគេបានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីផងដែរ ដោយយល់ដឹងកំហុសរបស់ខ្លួន”។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖ ទី១៖ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរ បោះដុំបន្លែ និងម្ជូរនៅផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីស រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨ ជនល្មេីសបានខ្ចីលុយចំនួន ៤,០០០ដុល្លារ កាលពីថ្ងៃទី ០៣ ខែ៥ ឆ្នាំ២០២១ ។ ទី២ ៖ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ ទំនាក់ទំនង ជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ រកសុីជាមួយគ្នា ចាប់ពីខែ០៥ ឆ្នាំ២០២៣ បានខ្ចីលុយជនរងគ្រោះចំនួន ២១,២០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ព្រមទាំងករណីឆបោកប្រាក់ ហើយបច្ចុប្បន្ន កំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕
អត្ថបទ៖ អក្ខរា