ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន ២នាក់ និងមន្រ្តីក្រសួងផែនការ ១នាក់ ពីបទរំលោភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌរដ្ឋ គ្រូបង្រៀន និងក្រសួងផ្សេងៗទៀត។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភាម្សិលមិញ បានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ នោះបានប្រព្រឹត្តិអំពើនៅខេត្តតាកែវ និងភ្នំពេញ អំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤។ ក្នុងនោះទី១ ឈ្មោះ នង រុន ភេទប្រុស ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រែកសណ្តែក, ២ ឈ្មោះ សុន ពេជ្រសុម៉ាលី ភេទស្រី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ និងទី៣ ឈ្មោះ ហ៊ុុយ ពិសិដ្ឋ ភេទប្រុស ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ បានសហការគ្នាធ្វើសកម្មភាពជាច្រើនដូចជា៖ រត់ការចូលក្របខណ្ឌរដ្ឋ, គ្រូបង្រៀន, និងក្រសួងផ្សេងៗទៀត, រត់ការធ្វើសញ្ញាបត្រក្លែងក្លាយគ្រប់ប្រភេទក្នុងតម្លៃចាប់ពី ៤៥០ដុល្លារឡើងទៅដល់ ១.៥០០ដុល្លារ។ ចំពោះការត់ការចូលក្របខណ្ឌរដ្ឋវិញ តម្លៃចាប់ពី ១១.០០០ដល្លារដល់ ១៦.០០០ដុល្លារតាមប្រភេទក្របខណ្ឌផ្សេងៗគ្នា។
សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រោយធ្វើការស៊ើបអង្កេត និងប្រមូលភស្តតាងរួចមករកឃើញថា ជនសង្ស័យទាំងនោះគ្មានសមត្ថកិច្ចនិងគ្មានសិទ្ធិទាល់តែសោះក្នុងការជ្រើសរើសមន្រ្តីឲ្យចូលក្របខណ្ឌ បែរសហការគ្នាស្វែងរកបុគ្គលដែលមានបំណងចូលក្របខណ្ឌទាំងដែលពុំមានលក្ខខណ្ឌនិងសមត្ថភាពគ្រប់គ្រាន់ធ្វើឯកសារក្លែងក្លាយយកមកប្រើប្រាស់ដោយខុសច្បាប់ដើម្បីទទួលបានប្រយោជន៍ជាប្រាក់។
ជាមួយនឹងការចោទប្រកាន់នេះ តំណាងអយ្យការ ក៏បានស្នើសុំដាក់ជនសង្ស័យទាំង៣នាក់ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ និងស្នើដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ ហើយបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ៕