គ្រោះថ្នាក់ចរាចរណ៍មិនថមថយនោះទេ លោក ស សុខា ផ្តាំផ្ញើឲ្យប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយទេ ដែលគ្រោះថ្នាក់សរុបបានកើតឡើងចំនួន ៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន ៣៨៧នាក់ និងរបួសចំនួន ១ ០៨៤នាក់។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តបាត់ដំបង ថ្ងៃពុធ ទី០៨ ខែឧសភា លោក សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ ២០២៤នេះ មានស្ថានភាពដូចគ្នានឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយទេ។ ហេតុការណ៍ គ្រោះថ្នាក់សរុបបានកើតឡើងចំនួន ៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន ៣៨៧នាក់ និងរបួសចំនួន ១ ០៨៤នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួនលើសពី ៤នាក់ និងរបួសចំនួន ១២នាក់។

ទន្ទឹមនឹងនេះ លោកក៏បានយកឱកាសនេះធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ នោះទើបធ្វើឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច៕