សម្ដេចតេជោ ហ៊ុន សែន ចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ៖ ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។ ២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។ ៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។ និង៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា។

គួរឲ្យដឹងថា ក្រៅពីគណៈកម្មាធិការអចិន្ត្រៃយ៍​គណៈកម្មការនានា​និងគណៈកម្មការពិសេស​ព្រឹទ្ធសភា​មានក្រុមផ្សេងៗ​ដែលបានបង្កើតឡើង​តាមបញ្ញត្តិប្រការ​១១​ថ្មី​ និងប្រកា​រ៣៨​ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា​ក្នុងនោះ ក៏មានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ខណៈណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង។

ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ មានតួនាទីនិងភារកិច្ចដូចជា៖ សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ នៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់ខ្លួន, ធ្វើបញ្ជីសមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ, ជួយសម្រួលឲ្យការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដំណើរការបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេល, ធ្វើជាសេនាធិការឲ្យប្រធានសាមីនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈក្នុងការកសាងផែនការសកម្មភាព បង្ការ ទប់ស្កាត់អំពើពុករលួយ កសាងអង្គភាពសស្អាត និងលើកសរសើរ ព្រមទាំងការដាក់ពិន័យ កសាង និងពង្រឹងក្រមសីលធម៌ ព្រមទាំងបទប្បញ្ញត្តិនៃការទទួលអំណោយ, ធ្វើរបាយការណ៍ទៀតទាត់អំពីលទ្ធផលអនុវត្តជូនអង្គភាពប្រឆាំងអំពើពុករលួយដោយមានការឯកភាពពីប្រធានសាមីនៃក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈនោះ៕

អត្ថបទ៖ អក្ខរា