តូចតែខ្លឹម! ទើបរៀនថ្នាក់មតេ្តយ្យ តែកូនប្រុសពៅសម្តេចធិបតី ទទួលបានមេដាយមាសគណិតវិទ្យាថ្នាក់ទី១ កម្រិតពិភពលោក

កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទទួលបានមេដាយមាស ក្នុងការប្រឡងគណិត​វិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បង្ហាញមោទនភាពចំពោះកូនប្រុសពៅ ដែលទើប​តែរៀនថ្នាក់មត្តេយ្យសិក្សា តែហ៊ានទៅប្រឡងគណិតវិទ្យាថ្នាក់ទី១ កម្រិតពិភពលោក ហេីយជាប់លេខ១ទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមផ្លូវការថា៖ “រិទ្ធិសិទ្ធិ ត្រូវបានអនុញ្ញាតអោយប្រលងវិញ្ញាសា​ថ្នាក់ទី១ (ទោះជានៅរៀនត្រឹមថ្នាក់មត្តេយ្យក៏ដោយ) ដោយសារគាត់ធ្លាប់បានទទួលមេដាយមាស ៤ដង ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធីប្រលងអន្តរជាតិ Caribou Contest ដែលជាកម្មវិធីប្រលងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញផងដែរ”។

សម្តេចធិបតី បានបន្ថែមថា៖ “នេះជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធិសម្រាប់ប៉ា និងម៉ាក់”។

គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី កាល​ពី​ឆ្នាំ​២០០៦ ដោយលោកទាំងពីរមានកូនស្រីចំនួន ០២នាក់ និងកូនប្រុសម្នាក់ដែលជាកូនពៅ៕

អត្ថបទ៖ អក្ខរា