ទូតអាមេរិកចប់អាណត្តិថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា និងមើលឃើញថា ទំនាក់ទំនងអាមេរិក-កម្ពុជា កាន់តែត្រូវបានពង្រឹង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនៃជំនួបនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល ៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នាក្នុងការដាក់ចេញនូវសកម្មភាពដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ លោកមានជំនឿជាក់ថាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោក និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន រួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក៕