សម្រេចបាន ៦៥% គម្រោងជីកស្តាយប្រឡាយមេ៩៦ និងដោះទឹក, ពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅភូមិសាស្រ្តក្រុងតាខ្មៅ

ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ សង្កាត់រកាខ្ពស់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល គិតត្រឹមខែឧសភានេះ សម្រេចបានប្រមាណ ៦៥%ហើយ។

នៅព្រឹកថ្ងៃអាទិត្យនេះលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់នៃគម្រោងដោះទឹក និងពង្វាងទឹកចេញ​ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ មានប្រសាសន៍ថា ការងារជីកស្តារប្រឡាយមេ៩៦ និងព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង​ពី​៨០​ទៅ​១០០​ម៉ែត្រ​ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយ​នៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀស​ការ​ជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់​រណប ដើម្បីជួយរំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី ដោយនាំទឹកចេញ​ពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរនិងតំបន់ X1 វាងព្រលានយន្តហោះ​ចូលទៅបឹងជើងលោង ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។

លោកបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីបានធ្វើគម្រោងផែន​ការ​ដើម្បីដោះទឹក និងពង្វាងទឹកក្នុងរដូវវស្សាចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​ និងដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅរដូវប្រាំងនៅ​តំបន់ជុំវិញ រួមមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកប​ដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព។

គួរបញ្ជាក់ថា គម្រោងដោះទឹក និងពង្វាងទឹកសម្រាប់បញ្ចៀសការ​ជន់​លិច​នៅ​ភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ស្តារប្រឡាយមេរលាំងជ្រៃខាងជើង រលាំង​ជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ ទី២)ស្តារស្ទឹងតូច ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ទី៣)ស្តារប្រឡាយ៩០ និងប្រឡាយ៩៦ ក្នុងខេត្តកណ្តាល ទី៤)​ស្តារប្រឡាយ៥៩ ក្នុងខេត្តកណ្តាល ទី៥)កែលម្អប្រព័ន្ធប្រឡាយមេជើងឯក ក្នុងរាជធានីភ្នំពេញ និងទី៦)សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង ប្រើម៉ូទ័រដែលដើរដោយចរន្តអគ្គិសនីចំនួន២៧ គ្រឿង៕