នាយករដ្ឋមន្ត្រី៖ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន»៕

អត្ថបទ៖ អក្ខរា